Tuesday, January 17, 2012

សិលាចារឹករបស់ព្រះបាទជ័យវរ្ម័នទី ៧ លើប្រាសាទអង្គរវត្ត



សិលាចារឹក សម័យ ព្រះបាទ ជ័យ វរ្ម័នទី ៧ នៅលើ ប្រាសាទអង្គរវត្ត ( ម . ត ២០០៨) និង បង្គោល សិលាចារឹក នា មន្ទីរពេទ្យ របស់ ទ្រង់ នៅ ខេត្ត សុ រិ ន្ទ្រ ( ឯកសារ នាយកដ្ឋាន វិចិត្រសិល្បៈ ថៃ )

​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ យើង​ឃើញ​មានការ​បង្រួបបង្រួម និង​ស្ថាបនា​ជាតិខ្មែរ​ឡើងវិញ ហើយ​ការអភិវឌ្ឍន៍​ជាតិ​នេះ​មាន​កាន់តែ​ខ្លាំងក្លា​ឡើងៗ នៅ​ចុង​សម័យ​វប្បធម៌​បាយ័ន ។ ភស្តុតាង​នៃ​សម្មិទ្ធិផល​សង្គម​ដំបូងបង្អស់ គឺ​ការកសាង​ព្រះ​រាជធានី​អង្គរធំ ដែលមាន​ប្រាសាទបាយ័ន​ជា​ប្រាសាទ​រាជ បន្ទាប់មក​គឺ​ប្រាសាទតាព្រហ្ម ព្រះខ័ន និង​បន្ទាយឆ្មារ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ចំពោះ​អតីត​ព្រះរាជវង្សានុវង្ស​ព្រមទាំង​មេទ័ព​ ដែល​បាន​ពលី​ជីវិត​ក្នុង​សង្គ្រាម​រំដោះទឹកដី​ខ្មែរ ។ ដើម្បី​ពង្រីក​អំណាច ព្រះមហាវីរក្សត្រ​អង្គ​នេះ​បាន​កសាង​នូវ​សាលាសំណាក់ (​ធម្មសាលា​) និង​មន្ទីរពេទ្យ (​អ​រោ​គ្យ​សាលា​) ជាច្រើន ព្រមទាំង​បាន​ជួសជុល​ឡើងវិញ​នូវ​មូលនិធិ​សាសនា​នា​សម័យមុនៗ​ទូទាំង​ដែនដី​នៃ ​កម្ពុជរដ្ឋ ។​

​ ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ធំធេង​ទាំងនោះ ត្រូវបាន​អ្នកស្រាវជ្រាវ​ខាង​ប្រវត្តិសាស្ត្រ​បង្ហាញ​បញ្ជាក់​តាមរយៈ​សៀវភៅ និង​អត្ថបទ​មួយចំនួន​រួចទៅហើយ ។ យ៉ាងណាមិញ​ប្រជាជន​ខ្មែរ​យើង ក៏បាន​ចារ​ព្រឹត្តិការណ៍​ទាំងនោះ​ក្នុង​ក្រាំងមាស​នៃ​ពង្សាវតារ​ប្រចាំ​ជាតិ ​របស់ខ្លួន​ផងដែរ ។

​ដូច​យើង​ជម្រាប​រួចមកហើយ ក្នុងសម័យ​បាយ័ន​សិល្បៈ​វប្បធម៌​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ខ្មែរ​បាន​ឈានដល់​ដំណាក់កាល​កំពូល លើសសម័យ​មុនៗ ដោយសារ​ព្រះមហាក្សត្រ​អង្គ​នេះ ឬក៏​អ្នកប្រាជ្ញ​ដែល​រួម​ព្រះ​បរ​មក​គ្រូ និង​វិស្វករ​ចំណាន​របស់​ទ្រង់​បាន​បង្កើត​នូវ​រចនាសម្ព័ន្ធ​ថ្មី​មួយ​ដែលមាន ​លក្ខណៈ​សំយោគ​រវាង​លទ្ធិ​ព្រះពុទ្ធសាសនា​ទាំងពីរ​និកាយ និង​ព្រហ្មញ្ញសាសនា ដែលជា​ត្រីវិស័យ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ។​
​ ​ក្នុង​អត្ថបទ​នេះ នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​ឆ្លាក់​ចារឹក​ខ្លីៗ​មួយចំនួន​នៅលើ​ ជញ្ជាំង​ប្រាសាទអង្គរវត្ត ដែល​រហូតដល់​សព្វថ្ងៃ​ពុំទាន់​មាន​នរណា​មួយ​ចាប់អារម្មណ៍​នៅឡើយ ព្រោះ​គេ​បាន​ចាត់ទុកថា ជា​អក្សរ​ដែល​សរសេរ​ក្នុង​រាជ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ស្តេច​ស្ថាបនិក​ប្រាសាទអង្គរវត្ត ។​
​ ​សូម​រំលឹកថា តួអក្សរ​ចារឹក​ទាំងនោះ ផ្ទាំង​រូប​នីមួយៗ​ពាក់ព័ន្ធ​នឹង​មេទ័ព ហើយ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ឈ្វេងយល់​ពី​ហេតុការណ៍​ប្រវត្តិសាស្ត្រ ដែល​បាន​កើតឡើង​ក្នុងសម័យ​កាលនោះ ដូចជា​វត្តមាន​របស់​កងទ័ព​សៀម​ជាដើម ដែល​បាន​ចូលរួម​ក្បួនព្យុហយាត្រា ។ គឺ​ចំណុច​នេះហើយ​ដែល​យើង​សូម​លើក​មក​ពិនិត្យ​នៅទីនេះ ។​
​ ​ជាបឋម​យើង​សូម​លើកយក​តួអក្សរ​ចារ​លើ​ប្រាសាទអង្គរវត្ត ដែល​គេ​បាន​សន្មត​ដោយ​ភាន់ច្រឡំ​ថា ជា​តួអក្សរ​ចារ​ក្នុង​រាជ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ ដើម្បី​ប្រៀបធៀប​ទៅនឹង​តួអក្សរ​ដែល​ចារ​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យ​ វរ្ម័នទី​៧ ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​តួអក្សរ​ទាំងឡាយ​លើ​ប្រាសាទអង្គរវត្ត មាន​លក្ខណៈ​ដូចគ្នា​បេះបិទ​ទៅនឹង​អក្សរ​របស់​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ។ ម្យ៉ាងវិញទៀត ដោយសារតែ​តួរ​អក្សរ​ទាំងនោះ​មាន​ទម្រង់​ខុសគ្នា​នឹង​តួ​សិលាចារឹក​ដែល​ចារឹក ​របស់​ព្រះបាទ​សុរិយា​វរ្ម័នទី​២ យើង​ពុំ​អាច​ចាត់ទុកថា​អក្សរ​ទាំងនេះ​ស្ថិតក្នុង​សម័យកាល​តែមួយ​បានឡើយ ។​
​ ​ខាងលើនេះ ធ្វើ​ឲ្យ​យើង​សន្និដ្ឋានបានថា អក្សរ​ចារឹក​នៅលើ​ប្រាសាទអង្គរវត្ត ត្រូវបាន​ចារ​ឡើង​ក្នុង​រាជ​របស់​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ យ៉ាង​ប្រាកដ ។ ដោយ​ផ្អែកលើ​លក្ខណៈ​នៃ​តួអក្សរ​ទោះបី​គ្មាន​ការចុះ​កាលបរិច្ឆេទ​ក៏ដោយ​នេះ​ ជាការ​រកឃើញ​របស់​យើង ។​
​ ​រួចមកហើយ យើង​បាន​កត់សម្គាល់ថា ព្រះមហាក្សត្រ​ជ័យវរ្ម័ន​ទី​៧ បាន​កាន់កាប់​ទឹកដី​ដូនតា​របស់​ទ្រង់​ឡើងវិញ ដោយ​ទ្រង់​បាន​កសាង​ឬ​ជួសជុល​មូលនិធិ​សាសនា​ឡើងវិញ ទូទាំងប្រទេស ជាពិសេស​ក្រោយពី​ទ្រង់​ឡើង​សោយរាជ្យ​សម្បត្តិ ។ ព្រះអង្គ​មិនបាន​កសាង​ប្រាសាទអង្គរវត្ត​ទេ ក៏ប៉ុន្តែ​ព្រះអង្គ​យ៉ាងហោចណាស់​ក៏បាន​ឆ្លាក់​ដោយ​ប្រើ​តួអក្សរ​ក្នុងសម័យ​ របស់​ទ្រង់ ដើម្បី​បង្ហាញ​ប្រវត្តិ​របស់​ចម្លាក់​នីមួយៗ ទុកជា​ប្រវត្តិសាស្ត្រ​ដែរ ហើយ​ទង្វើ​បែបនេះ ក៏ត្រូវ​បាន​បន្ត​រហូត​ដល់​សតវត្ស​ទី​១៥ ដែរ ជាពិសេស​ក្នុង​រាជ​របស់​ព្រះបាទ​អង្គ​ច័ន្ទ ដែល​បានបញ្ចប់​ផ្ទាំង​ចម្លាក់​រួចរាល់ នូវ​អ្វីដែល​ព្រះបាទ​សុរិយា​វរ្ម័នទី​២ មិនបាន​បញ្ចប់​នៅ​សតវត្ស​ទី​១២ ។​
​ ​សូម​រំលឹកថា ព្រះបាទ​សុរិយា​វរ្ម័នទី​២ ស្ថាបនិក​ប្រាសាទអង្គរវត្ត គឺជា​ស្តេច​ខ្មែរ​មួយអង្គរ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ដ៏​អស្ចារ្យ​ដែល​បាន​ឡើង​ សោយរាជ្យ​នៅ​គ​.​ស ១១១៣ ដោយមាន​ព្រះ​ម​រប​នាម​ថា​ព្រះ​បរម​វិស្ណុ​លោក ។ រីឯ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ ព្រះអង្គ​សោយរាជ្យ នៅ​ឆ្នាំ​១១៦២ ចន្លោះ​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ។
​ដូច្នេះ តាមរយៈ​ការ​ឆ្លាក់​ប្រវត្តិ​នៃ​រូប​នីមួយៗ​នៅលើ​ជញ្ជាំង​ប្រាសាទ ដែល​យើង​អាច​ចាត់ទុកថា ជាការ​អភិរក្ស ឬ​ការជួសជុល ឬក៏​ជាការ​សាងសង់​បន្ថែម យើង​ឃើញ​ព្រះទ័យ​យកចិត្តទុកដាក់​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ ទៅលើ​ប្រាសាទ​សិលា​ដ៏​ធំ​សម្បើម និង​សំខាន់​ខាងលើនេះ ដែលជា​កេរដំណែល​របស់​ដូនតា​យ៉ាង​ប្រាកដ ៕



Related posts





Share/Bookmark

0 comments:

Post a Comment

 
I Want to Know Copyright © 2011 Designed by i1 Group